KFC (Kentucky Fried Chicken) គឺជាហាងអាហាររហ័សដែលល្បីល្បាញលើពិភពលោក ផ្តោតលើមុខម្ហូបសាច់មាន់បំពង។ ម៉ាកយីហោនេះត្រូវបានបង្កើតជាប្រព័ន្ធ Franchise នៅឆ្នាំ១៩៥២ ដោយលោក Colonel Harland Sanders នៅទីក្រុង Salt Lake City រដ្ឋ Utah សហរដ្ឋអាមេរិក។
បច្ចុប្បន្ន KFC ស្ថិតក្រោមកម្មសិទ្ធិរបស់ក្រុមហ៊ុន Yum! Brands ដែលមានទីស្នាក់ការកណ្តាលនៅរដ្ឋ Kentucky សហរដ្ឋអាមេរិក និងមានសាខាជាង ៣១,០០០ កន្លែងនៅក្នុងប្រទេស និងដែនដីជាង ១៥០ ជុំវិញពិភពលោក។
KFC បានចូលទីផ្សារប្រទេសវៀតណាមជាលើកដំបូងនៅចុងឆ្នាំ១៩៩៧ ក្នុងទីក្រុងហូជីមិញ តាមរយៈទម្រង់បណ្តាក់ទុនរួមគ្នា (Joint Venture) ក្រោមឈ្មោះ KFC Vietnam Joint Venture Company Ltd. ដោយសហការជាមួយក្រុមហ៊ុន Jardine Restaurant Group (international) and Thiên Nam Corp (Local VN) ដែលជាក្រុមហ៊ុនឯកជនដ៏ល្បីមួយរបស់វៀតណាម។
ការចាប់ដៃគូជាមួយក្រុមហ៊ុនធំៗនៅក្រៃវៀតណាមបានជួយឱ្យ KFC ទទួលបានអាជ្ញាប័ណ្ណវិនិយោគស្របច្បាប់ យ៉ាងងាយស្រួល ច្បាប់ វប្បធម៌ និងយល់ច្បាស់ពីឥរិយាបថប្រជាជនក្នុងស្រុក ព្រមទាំងបានកែសម្រួលមុខម្ហូបឱ្យសមស្របនឹងរសជាតិរបស់ប្រជាជនវៀតណាមដូចគ្នា។
គុណសម្បត្តិ និងមូលហេតុដែល KFC សម្រេចចិត្តចូលទីផ្សារវៀតណាម រួមមានដូចជា៖
កត្តាប្រជាសាស្ត្រ៖ វៀតណាមមានប្រជាជនច្រើន និងសមាមាត្រប្រជាជនវ័យក្មេងភាគរយខ្ពស់ ដែលជាក្រុមអតិថិជនគោលដៅរបស់អាជីវកម្មអាហាររហ័សដូចជា KFC។ លើសពីនេះ កម្លាំងពលកម្មវ័យក្មេងក៏មានច្រើន និងមានតម្លៃសមរម្យទៀតផង ដែលអាចជួយកាត់បន្ថយថ្លៃដើមប្រតិបត្តិការចំណាយផ្សេងៗ។
ប្រភពវត្ថុធាតុដើមដែលសម្បូរបែប៖ សាច់មាន់គឺជាអាហារដែលពេញនិយមនៅក្នុងវប្បធម៌ម្ហូបអាហាររបស់វៀតណាម។ ជាមួយនឹងវិស័យកសិកម្មដ៏រឹងមាំ ប្រទេសនេះមានប្រភពផ្គត់ផ្គង់សាច់មាន់ បន្លែ និងវត្ថុធាតុដើមផ្សេងៗក្នុងស្រុកស្រាប់ ដែលមានគុណភាពល្អ និងតម្លៃសមរម្យ។ ហេតុផងទាំងអស់នេះហើយដែលជួយឱ្យ KFC អាចបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់ប្រកបដោយប្រសិទ្ធភាពតាំងពីដំណាក់កាលដំបូងរហូតមកដល់បច្ចុប្បន្ននេះ។
ស្ថិរភាពសេដ្ឋកិច្ច និងនយោបាយ៖ បន្ទាប់ពីវៀតណាមអនុវត្តនយោបាយកែទម្រង់សេដ្ឋកិច្ច Đổi Mới ក្នុងឆ្នាំ១៩៨៦ ប្រទេសនេះបានបើកចំហដោយទទួលការវិនិយោគពីបរទេស និងមានកំណើនសេដ្ឋកិច្ចជាបន្តបន្ទាប់។
ឱកាសក្លាយជាអ្នកត្រួសត្រាយទីផ្សារ៖ នៅឆ្នាំ១៩៩៧ វៀតណាមមិនទាន់មានម៉ាកយីហោអាហាររហ័សអន្តរជាតិធំៗចូលមកប្រកួតប្រជែងនៅឡើយ។ ដូច្នេះការចូលទីផ្សារបានមុនគេជួយឱ្យ KFC កាន់កាប់ទីតាំងល្អៗ និងកសាងការទទួលស្គាល់ម៉ាកយីហោក្នុងចិត្តអតិថិជនបានយ៉ាងឆាប់រហ័ស។
គុណវិបត្តិ និងបញ្ហាប្រឈមរបស់ KFC ពេលចូលទីផ្សារប្រទេសវៀតណាម
ការប្រកួតប្រជែងជាមួយអាហារក្នុងស្រុក និងបញ្ហាតម្លៃ — KFC ត្រូវប្រឈមនឹងការប្រកួតប្រជែងពីម្ហូបប្រពៃណីវៀតណាម ដែលមានរសជាតិធ្លាប់ស្គាល់ និងមានតម្លៃទាបជាង។ បើប្រៀបធៀបនឹងហាងអាហារក្នុងស្រុក អាហាររបស់ KFC ត្រូវបានប្រជាជនជាច្រើនចាត់ទុកថាមានតម្លៃខ្ពស់ ដែលធ្វើឱ្យការទាក់ទាញអតិថិជននៅដំណាក់កាលដំបូងមានការលំបាក។
ការកែសម្រួលមុខម្ហូបឱ្យស្របនឹងរសជាតិអតិថិជនត្រូវការ — ដើម្បីឆ្លើយតបទៅនឹងចំណង់ចំណូលចិត្តរបស់ប្រជាជនវៀតណាម KFC បានកែសម្រួលមុខម្ហូបពីរចនាប័ទ្មលោកខាងលិច ដែលមានស្រទាប់ម្សៅក្រាស់ និងមានជាតិខ្លាញ់ខ្ពស់ មកជាមុខម្ហូបដែលសមស្របនឹងរសជាតិក្នុងស្រុក ដូចជា បាយមាន់ (Chicken Rice) មាន់បំពងរសជាតិហឹរ និងបន្ថែមស៊ុបបន្លែជាដើម។ ការកែសម្រួលទាំងនេះបានជួយឱ្យ KFC អាចបំពេញតម្រូវការអតិថិជនក្នុងស្រុក ខណៈដែលនៅតែរក្សាបានអត្តសញ្ញាណ និងរសជាតិដើមរបស់ម៉ាកយីហោរបស់ខ្លួន។
ការចំណាយខ្ពស់លើទីផ្សារ — នៅពេល KFC ចូលទីផ្សារវៀតណាមក្នុងឆ្នាំ១៩៩៧ ប្រជាជនវៀតណាមភាគច្រើននៅមិនទាន់ស្គាល់វប្បធម៌នៃការទទួលទានអាហាររហ័ស (Fast Food) នៅឡើយទេ។ ដូច្នេះ ក្រុមហ៊ុនត្រូវវិនិយោគថវិកាយ៉ាងច្រើនលើការផ្សព្វផ្សាយ ការអប់រំអតិថិជន និងការកសាងម៉ាកយីហោរបស់ខ្លួនជាមុនសិន។ ជាលទ្ធផល KFC បានចំណាយពេលប្រមាណ ៧ ឆ្នាំដំបូង ទើបអាចឈានទៅរកប្រាក់ចំណេញបាន។
សន្និដ្ឋាន
សរុបជារួម ករណីរបស់ KFC បានបង្ហាញថា ភាពជោគជ័យក្នុងការបណ្តាក់ទុននៅទីផ្សារបរទេស មិនអាស្រ័យតែលើកេរ្តិ៍ឈ្មោះ និងភាពល្បីល្បាញរបស់ម៉ាកយីហោនោះទេ ប៉ុន្តែអាស្រ័យលើការជ្រើសរើសដៃគូអាជីវកម្មដែលសមស្រប ការសិក្សា និងយល់ដឹងស៊ីជម្រៅអំពីទីផ្សារ ការកែសម្រួលផលិតផលឱ្យស្របតាមតម្រូវការ និងវប្បធម៌របស់អ្នកប្រើប្រាស់ ព្រមទាំងការមានទស្សនវិស័យវិនិយោគរយៈពេលវែង និងភាពអត់ធ្មត់ក្នុងការកសាងទីផ្សារ។
ទាំងនេះ មិនត្រឹមតែជាកត្តាដែលជួយឱ្យ KFC ទទួលបានជោគជ័យនៅប្រទេសវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែក៏ជាគំរូដ៏មានតម្លៃសម្រាប់អាជីវកម្ម និងវិនិយោគិនដែលមានបំណងពង្រីកអាជីវកម្មទៅកាន់ទីផ្សារអន្តរជាតិផងដែរ។


